សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៥៥គ្រួសារ និងអ្នករងរបួសដោយខ្យល់កន្រ្តាក់ចំនួន២នាក់ ស្រី១នាក់
(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា នៅព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ សង្កាត់ មេភូមិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៥៥គ្រួសារ និងអ្នករបួស២នាក់ ដែលមាន២ទីតាំងដោយទីតាំងទី១ នៅក្នុងបរិវេណវត្តចន្ទស៊ី ឃុំកូប ស្រុកអូរជ្រៅ លើ ៦ឃុំ នៃស្រុកអូរជ្រៅ មានគ្រួសារទទួលអំណោយចំនួន២៧គ្រួសារ និងទីតាំងទី២ នៅក្នុងបរិវេណវត្តបរមនាវាសម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លើ៣សង្កាត់ នៃក្រុងសិរីសោភ័ណ មានគ្រួសារទទួល អំណោយចំនួន២៨គ្រួសារ និងអ្នករងរបួសចំនួន២នាក់ ស្រី១នាក់។
នាឱកាសនោះដែរឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគួរពីសុខទុក្ខបងប្អូនគ្រប់ៗគ្នាទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះដែរឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូន ដែលមានវត្តមាននៅពេលនេះ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ពីបាតុភូតផ្គររន្ទះ ពេលមេឃរកភ្លៀងសូមបងប្អូនរកកន្លែងដែលមានសុវត្ថិភាព កុំជ្រកក្រោមដើមឈើ និងកុំនៅហាលវាល។ម៉្យាងវិញទៀតសូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះប៉ុន្មានថ្ងៃកន្លង ទៅនេះមេឃមានការឡើងកំដៅខ្លាំង សូមអ្នកទាំងអស់គ្នាហូមទឹកអោយបានច្រើន ពេលចេញធ្វើដំណើរទៅខាងក្រៅសូមពាក់សម្លៀកបំពាក់អោយបានជិត ។
អំណោយដែលសាខានាំមកនៅថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥គីឡូក្រាម, មីយ៉ាំយ៉ាំ ១កេសតូច, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១, ទឹកសុទ្ធ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល។សម្រាប់អ្នករបួសទទួលបានថវិកាចំនួន៤០ម៉ឺនរៀល៕