ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ផ្ដល់​គោលការណ៍គន្លឹះ និង​ណែនាំដល់អភិបា​លខេត្តកំពង់ស្ពឺថ្មី ដាច់​ខាតកុំឱ្យមាន​ការផ្សព្វផ្សា​យល្បែងសុី​សងតាមទីសាធារណៈ

(កំពង់ស្ពឺ)៖ពីវេទិកាអ​ធិបតីនៃពិធីប្រកាស​ចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអ​ភិបាល នៃគណៈអ​ភិបាលខេត្តកំ​ពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោ​តសរសើរភាពលេ​ចធ្លោរ​បស់​រដ្ឋបា​លខេត្តកំពង់ស្ពឺ ដែល​អនុវត្តគោល​ការណ៍តឹងរឹងមិ​នឱ្យផ្សព្វផ្សា​យផ្សាយផលិ​តផលគ្រឿង​ស្រវឹងតាមទី​សាធារណៈ ស្នាដៃទា​ក់ទាញគម្រោងវិនិ​យោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរ​ដ្ឋាភិបា​ល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែល​ទទួលបានការសាទរពីសា​ធារណជនខាងលើនេះ ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែ​នាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំង​េត្ត្សេងៗទៀត កុំអនុញ្ញាត និងទ​ប់ស្កាត់ឱ្យបា​ននូវ​ការផ្សព្វផ្សាយ​​ល្បែងសុីសងគ្រប់ប្រភេទ​តាមទីសាធារណៈ លើក​លែងតែការផ្សព្វផ្សាយ​នៅតាមទីតាំ​ងឯកជន ដែ​លទទួល​បា​នការអនុញ្ញា​តតាមផ្លូវច្បាប់។

ស្របពេ​លដែលថ្មីៗ​នេះ រដ្ឋបាល​ខេត្តកំពង់ស្ពឺ ទើបតែទទួលទាំ​ងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯក​ឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈ​សំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និង​សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស​ករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេង​ទំនើង និងល្បែងសុីសង​ ដោយការ​ងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើ​ម្បីជួ​បនិងស្ដាប់​សេចក្ដីរាយការណ៍ពី​សភាពការណ៍ទូ​ទៅឱ្យបានទៀងទាត់​ជាមួយថ្នាក់ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុក​ដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បី​ការពារសុខភា​ពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹង​សន្តិ​ភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាន​នូវចំនួននិ​ងស​កម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដា​នុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយ​មន្រ្តីពាក់​ព័ន្ធ ចុះទៅកា​ន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដា​ក់ពង្រឹងការផ្ដល់សេវាប្រក​បដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបា​នព្រះករុណា​ជាអម្ចាស់ជីវិតើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់​តែងតាំងជាអភិបាល នៃគណៈ​​អភិ​បាលខេត្តកំពង់ស្អឺ ជំនួស​ឯកឧត្តម វ៉ី សំ​ណាង ដែលផ្ទេរ​ទៅកា​ន់មុខតំណែងជា​អភិបា​ល នៃគណៈអភិបាលខេត្តតាកែវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button