ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីជួ​ញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេ​លា​ម៉ោង២០និ​ង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចុះប្រតិបត្តិកា​របង្រ្កាបករ​ណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោ​យខុស​ច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំស្តង់ជ្រូក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន០​២នាក់ឈ្មោះ សុខ ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់), ឈ្មោះ ពយ វុធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត(ប្រើប្រាស់) ក្នុងប្រតិបត្តិការនោះ​កម្លាំង បានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀន​ប្រ​ភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៩ថង់កិប ទម្ងន់ ២០,៧៩ក្រាម, គ្រឿងញៀន​ប្រភេទថ្នាំ​គ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៦ថង់កិប ស្មើនឹង ១៦០គ្រាប់ ទម្ងន់ ១៨,៧៦ក្រាម, ទូរស័ព្ទដៃ​ចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ខ្មៅ), ថង់សម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់​ប្រើប្រាស់គ្រឿងញៀនមួយចំនួន

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនពេល​បង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តា​ប់ធ្នា​ប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ រហូតដល់ចំណុចខា​ងលេីកម្លាំងបានប្រទះ​ឃើញមុខសញ្ញាជួញ​ដូរគ្រឿងញៀន ហើយកម្លាំងបានដេញតាមរហូតដល់បន្ទប់ជួល ក៏ប្រទះឃើញជន​សង្ស័យម្នាក់​ទៀត កំពុងតែប្រើប្រាស់គ្រឿងញៀន ហើយបានធ្វេីការឃាត់ខ្លួនទាំ​ង២នាក់ព្រមទាំងដក​ហូតវត្ថុតាង​គ្រឿង​ញៀនតែម្តង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័​យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិ​ញគ្រឿងញៀន​យ​កមកទុកលក់ និងទុកប្រេីប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង​ជាក់​ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមកបញ្ជា​ការដ្ឋានកង​រា​ជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងប​ង្រ្កាបប​ទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបានកម្លាំងការិយា​ល័យប្រ​ឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button