កិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង បូកសរុបលទ្ធផលនៃការបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង
ខេត្តបន្ទាយមានជ័យ៖លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងការពិនិត្យផ្ទៀងផ្ទាត់ នឹងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ នៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងគណបក្សទាំង ៥ចូលរួម។
លោក យ៉ង់ សក្កិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់ថា សម្រាប់ការបោះឆ្នោយជ្រេីសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយចំនួន៥ ដែលចូលរួមមាន ១-គណបក្សប្រជាជនកម្ពុជា ,២–គណបក្សឆន្ទៈខ្មែរ ,៣-គណបក្សហ្វ៊ុនស៊ិនប៉ិច ,៤–គណបក្សកម្លាំង ជាតិ និងទី៥–គណបក្សខ្មែររួបរួមជាតិ ហើយការបោះឆ្នោតកន្លងមកទទួលបានលទ្ធផលល្អប្រសើរ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា ។ល។បន្ទាប់ពីបានធ្វើការគណនាបែងចែកអាសនៈសម្រាប់បញ្ជីបេក្ខជន នៃគណបក្សនយោបាយ បានឈរឈ្មោះបោះឆ្នោតផ្លូវការនៅមណ្ឌលក្រុងប៉ោយប៉ែត ឃើញថា បញ្ជីនៃបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួនពីរ មានលទ្ធផលស្មើគ្នាគឺគណបក្សឆន្ទៈខ្មែរនិងគណបក្សកម្លាំជាតិ ដែលមិនអាចកំណត់បែងចែកអាសនៈដែលសារជូនដល់គណបក្សបាន។ ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតគណៈកម្មការ រៀបចំការបោះឆ្នោតខេត្ត ធ្វើការអនុវត្តនៃការចាប់ឆ្នោតជាសាធារណៈដើម្បីកំណត់យកបញ្ជីឯកជនគណបក្សនយោបាយឈរឈ្មោះនៅមណ្ឌលក្រុងប៉ោយប៉ែតចំនួនមួយអាសនៈបន្ថែមឲ្យគណៈកម្មការបោះឆ្នោតខេត្ត បានសម្រេចចិត្តនិមន្តព្រះអង្គស. សមណមុនី ជួប ពរ ព្រះរាជាគណៈកម្មការកិត្តិយស ព្រះវិន័យធម៌គណខេត្ត និងជាព្រះចៅអធិការវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ មកចាប់យកសន្លឹកឆ្នោត ហេីយគណបក្សទាំងពីរ បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ជាលទ្ធផលនៃការចាប់ឆ្នោតដើម្បីទទួលបានអាសនៈបន្ថែមនោះទេត្រូវបានទៅគណបក្សកម្លាំងជាតិ ។
លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត បានធ្វើការកោតសរសើរចំពោះគណបក្សនយោបាយ បានសម្រេចទទួលយកនូវលទ្ធផលនៃការបោះឆ្នោតដែលមានរយៈកាលកន្លងមក គ្មានការជំទាស់ គ្មានអំពើហិង្សា គ្មានការជេរប្រមាថ ព្រោះថាគ្រប់គណបក្សនយោបាយទាំងអស់គឺមានឈាមជ័រខ្មែរតែមួយ ហេីយនៅក្រោមដំបូលនៃសុខសន្តិភាពដូចគ្នាគឺខ្មែរស្រឡាញ់ខ្មែរ៕