ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមបើកកម្មវិធីសិក្ខាសាលាស្តីពី “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង”

នៅព្រឹកថ្ងៃ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលាស្ដីពី “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង” ដោយសិក្ខាសាលានេះសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។

 

អង្គសិក្ខាសាលានេះក៏ជាការសិក្សាស្វែងយល់បន្ថែមពីប្រភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ ល្បីល្បាញរបស់យើង។ យើងដឹងហើយថាខេត្តបាត់ដំបងមិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិ ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់ដំបងនៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះ ល្វែងប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងផងដែរ ។

 

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំងបានគ្រោងរៀបចំសិក្ខាសាលានេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។ ឯកឧត្តមបានបន្តទៀតថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ក្នុងតំបន់ និងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបងមានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះផ្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិត្រូវការទស្សនា និងសិក្សាស្វែងយល់លើសំណង់ទាំងនោះ ។

 

ទាក់ទងនឹងសិក្ខាសាលានាពេលនេះត្រូវបានឯកឧត្តម សុខ លូ បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឲ្យឃើញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button