ព័ត៌មានជាតិ

សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ ប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២២ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំង លោក លោកស្រី មេឃុំ ចៅសង្កាត់ ដែលជាសមាជិកសមាជិកា នៃសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ចាម ជាច្រើននាក់ទៀត ផងដែរ ។
ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ឲ្យដឹងថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បានបង្កើតឡើង ដើម្បីស្វែងរកដំណោះស្រាយ ចំពោះ បញ្ហាផ្សេងៗ ដែលក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ជួបប្រទះ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈ ការចុះប្រឹក្សាយោបល់ផ្ទាល់ ជាមួយសមាជិក ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា សមាគម មួយនេះ គឺបានផ្តល់អត្តប្រយោជន៍យ៉ាងច្រេីន ដល់សមាជិកសមាជិកា ក្នុងការអនុវត្តន៍គោលនយោបាយ ដោយមានការយកចិត្តទុកដាក់គាំទ្រ ពីរាជរដ្ឋាបាលកម្ពុជា ជួយលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ។ ក្រៅពីនោះ កន្លងមក សមាគម ក៏បានបំពេញបេសកកម្មជាច្រើន ដើម្បី ជម្រុញធ្វេីឲ្យសមាជិកទាំងអស់ មានចំណេះដឹង បទពិសោធន៍ និងអាចសាមគ្គីគ្នា តាមគោលដៅរបស់រាជរដ្ឋាភិបាល ពោលគឺ អាចយកទៅបម្រេីសេវាសាធារណៈ នៅតាមមូលដ្ឋាន ឲ្យមានភាពល្អប្រសើរឡើង ។
នាឱកាសនោះ ឯកឧត្តម ខ្លូត ផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថ្នាក់ក្រោមសមាគម ។ ជាក់ស្ដែង ក្នុងរយៈពេលកន្លងមកសមាគម បាននាំមកនូវសមិទ្ធផលជាច្រើន ជូនដល់សមាជិកក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ស្របតាមគោលបំណង និងទិសដៅ របស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ។ ឯកឧត្តម ខ្លូត បានលើកឡើងដែរថា ការអនុវត្តកម្មវីធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០២២) ចាំបាច់ណាស់ ត្រូវបន្តពង្រឹងការ អនុវត្តតួនាទីរបស់សមាគមក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានបង្កើតឡើងកន្លងមក ទាំងក្នុងតួនាទី ជាតំណាងឲ្យសំឡេង និងផលប្រយោជន៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់យោបល់លើកិច្ចដំណើរការ រៀបចំគោលនយោបាយ ។ ទន្ទឹមនឹងនោះ កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដែលក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំង អ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹងពីសមិទ្ធផលដែលសមាគមសម្រេចបាន និងទិសដៅការងារដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ខាងមុខ។ ក្រៅពីនោះ សមាគមមួយនេះ ក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សមាជិក សមាជិកា ក្នុងអនុវត្តន៍គោលនយោបាយ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រ ពីរាជរដ្ឋាបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button