ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ សម្រេចកំណត់យកថ្លៃ​គោល សម្រាប់ស្រូវផ្ការំដួល​ប្រភេទលេខ១ (ស្រូវសើម) មិនក្រោម១ ០៤០រៀល ក្នុង១គីឡូក្រាមនៅនឹង​កន្លែង

ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការត្អួញត្អែពីការប្រមូលផលស្រូវបានហើយ លក់ចេញក្នុងតំលៃ​ថោករបស់ប្រជាកសិករនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាន​ដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង​ និងធ្វើការសម្របសម្រួលភ្លាមៗមិនបង្អង់យូ។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំង​ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរ​ពាណិជ្ជកម្មខេត្ត អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក​ឃុំ និង​មន្ត្រីពាក់ព័ន្ធ​ បានបន្តចុះជួប​ផ្ទាល់​នៅកន្លែងប្រមូ​លផ្តុំទិញ​ស្រូវ(ដែលរៀប​ចំដោយក្រុមការ​ងារច​ម្រុះ)ឈ្មួញ និងប្រជាក​សិករ នៅក្នុងឃុំស្វា​យចេក ស្រុកស្វាយចេក ។

បើ​យោងតាមសេចក្តីប្រ​កាសព័ត៌មានរបស់ក្រសួងកសិ​កម្ម បានឱ្យដឹងថា ​នៅថ្ងៃ៩ រោច ខែកត្តិក ឆ្នាំ​ខាល ចត្វាស័ក ​ព..២៥៦​៦ត្រូវនឹង​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុម​ការងារ​បានជួប​ជាមួយ​ភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាល​រងខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងម​ន្ទីរពាណិ​ជ្ជកម្ម តំណា​ងធនាគារអភិវឌ្ឍន៍កសិ​កម្ម និងជនបទ លោក លោកស្រី​អភិបាលស្រុក មេឃុំតំណាង រោង​ម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូល ទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។ ជាលទ្ធផល ក្រោយ​កិច្ចប្រជុំ​ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បាន សម្រេចប្រកាស​កំណត់យក​ថ្លៃគោល សម្រាប់ស្រូវផ្ការំដួ​លប្រភេទលេខ១ (ស្រូវសើ​ម) មិនក្រោម ៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០​រៀល ក្នុង១គីឡូក្រាមនៅនឹងកន្លែងដូច​នៅខេត្ត​បាត់ដំបងដែរ និងបានអំ​ពាវនាវដល់​ម្ចាស់​រោងម៉ា​ស៊ីនស្រូវ និងឈ្មួញប្រមូល​ទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយ​អនុវត្តតា​មថ្លៃដែល​បានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ ការ​អនុវត្ដនឹង​ចាប់ផ្តើមពី​គោលដៅចំនួន ៨ទីតាំង រួមមាន៖ នៅស្រុកភ្នំស្រុកមួយទីតាំង, នៅស្រុក​ព្រះនេត្រ​ព្រះ មួយទីតាំង, នៅស្រុកស្វាយចេក បីទីតាំង និងនៅស្រុកថ្មពួកបីទីតាំង។ ប្រជាកសិករគ្រប់គោល​ដៅ​ទាំងអស់ បានសាទ​រទៅនឹ​ងកា​រអនុវត្តថ្លៃគោលនេះ។ ក្នុងក​រណីមា​នបញ្ហា​អ្នកទិញ​អនុវត្តមិ​នត្រឹម​ត្រូវ សូមប្រជា​កសិករមេត្តាទា​ក់ទងជាមួយមេឃុំ ឬ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទខេត្តប​ន្ទាយមា​នជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួល​បានការអន្តរាគមន៍នោះ។

នាឱកាសនោះ​ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែ​លប្រ​ជាកសិករកំពុងប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែលម​កដល់​ពេលនេះ​ប្រមូលអស់​ប្រមា​ណ ២ម៉ឺន​ហិកតាហើយ នៅសល់៧ទៅ៨ម៉ឺនហិកតាទៀត។ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្រុមការ​ងារចម្រុះខេត្តដែ​លមា​នខាងក​សិកម្មខេត្ត ពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនបៃ​តង់ បាន​នឹងកំពុងជួយ​សម្របសម្រួល​ជាប្រចាំជាមួយ​ឈ្មួញ និងប្រជាកសិករ តាមគោល​ដៅដែល​បាន​រៀ​បចំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button