ព័ត៌មានជាតិ

បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី​ជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក​វរសេនី​យ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលា​ម៉ោង០០និ​ង១៥នា​ទីរំលងអាធ្រាត្រ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានធ្វើ​ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបាន​នូវវត្ថុ​តាងថ្នាំ​ញៀនមួយចំនួន នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួចនាំទៅកាន់​មូល​ដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កម្លាំងរ​បស់លោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង​០០និង១៥នាទី ឈានចូលថ្ងៃទី១៨ ខែតុលា ពេលដល់ចំណុចភូមិភ្នំកន្ទួត សង្កា​ត់​កំ​ពង់​ស្វាយ ក្រុងសិរីសោភ័ណ ក៏បានប្រទះឃើញបុរសម្នាក់ឈ្មោះ ឈិន រិទ្ធ ភេទប្រុស អាយុ​២៨​ឆ្នាំ កំពុងតែជិះកង់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកបានហៅមកសួរនាំ ហើយធ្វើការ​ឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទទឹកកក ចំនួន០២កូនថង់កិប ទម្ងន់ ១,៦១ក្រាម និងស​ម្ភារៈមួយចំនួន ក្រោយ​មកកម្លាំងក៏បានធ្វើកា​រឃាត់ខ្លួនជនសង្ស័យ​ខាងលើនាំមក​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងតែម្តង ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា បើ​តាមចម្លើយរបស់ជនសង្ស័យ បាន​ឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ ដោយផែ​កលើចម្លើយសារ​ភាព ព្រមទាំងមានវត្ថុតាងផង ជនសង្ស័យរូប​នេះត្រូវបានកម្លាំងជំនាញ​កសាង​សំណុំ​រឿង​បញ្ជូនមកប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់បន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារប្រឆាំង​គ្រឿង​ញៀន​បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នជនសង្ស័​យខាងលើ​ត្រូវបានកម្លាំងការិយាល័យ​ប្រឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បី​ចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button