ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

សំណួរដែលពិបាកឆ្លើយ តើអធិការនគរបាលស្រុកទ្រាំង ខេត្តតាកែវ ទុកល្បែងជល់មាន់អនឡាញ ធ្វើអ្វី? (ភាគ២)

ខេត្តតាកែវ៖ថ្មីៗនេះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់បំផុតឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ចុះអនុវត្តទៅលើល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនយោគយល់ទោះជាមានអ្នកចាំកាងនៅពីក្រោយ ពាក់ដល់ទៅផ្កាយ ឬលោកខែក៏មិនយោគយល់នោះដែរ តែមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែលោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង និងនាយប៉ុស្តិ៍នគរបាលអង្គខ្នុរ ,នាយប៉ុស្តិ៍នគរបាលប្រាំបីមុំ ថ្លើមធំហានឃុបឃិតគ្នាជាមួយម្ចាស់បនល្បែង បើកឲ្យលេងល្បែងស៊ីសងប្រភេទ ជល់មាន់អនឡាញតាម(កុំព្យូទ័រ) និងអាយផេក(ipad) នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងគក្រឹកគក្រេង ហូរកញ្ជ្រៀវធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅវិញ ។

ជាក់ស្តែងនៅផ្ទះលក់កាហ្វេចំនួន២កន្លែង ដោយទីតាំងទី១ ស្ថិតនៅភូមិល្វេ ឃុំប្រាំបីមុំ បើកឲ្យលេងល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(កុំព្យូទ័រ) អង្គភាពយើងបានរាយការណ៍ទៅនាយប៉ុស្តិ៍ជាច្រើនលើកគ្មានចំណាត់ការ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អង្គភាពយើងបានធ្វើការផ្សព្វផ្សាយ ក៏បានបិតមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែពេលនេះបន្តបើកដោយរលូនដដែល និងទីតាំងទី២ ស្ថិតនៅក្នុងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បើកឲ្យអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងប្រភេទ ជល់មាន់តាមអាយផេក(ipad) ដោយគ្មានខ្លាចញញើតទាល់តែសោះ ដោយមានខ្លះពាក់អាវឯកសណ្ឋានជានគរបាលនៅក្នុងវង្សល្បែងទៀតផង មិនដឹងជានគរបាល ឬក៏មិនមែន បើសិនជាមិនមែនចុះហេតុអ្វីបានជានគរបាល បណ្តែតបណ្តោយឲ្យពាក់សេរីរបៀបនេះ ចុះបើជាមន្ត្រីនគរបាលវិញ ស បញ្ជាក់ឲ្យឃើញថា នគបាលនឹងអ្នកបើក អ្នកលេងជាមនុស្សតែមួយ ។

ពាក់ព័ន្ធនឹងការបើកលេងល្បែងស៊ីសងនេះដែរ ភ្នាក់ងារយើង បានខលទូរស័ព្ទរាយការណ៍ជូន លោកនាយប៉ុស្តិ៍នគរបាល អង្គខ្នុរ និងនាយប៉ុស្តិ៍នគរបាលប្រាំបីមុំ ជាច្រើនដង លោកឆ្លើយបានត្រឹមតែពាក្យថា ចាំលោកចុះទៅមើល ដោយឡែកអធិការនគរបាលស្រុកទ្រាំង វិញខលទូរស័ព្ទពេលណាក៏ស្តាប់គ្នាមិនបាន និយាយខ្សឹបៗ។តែទោះជាខំរាយការណ៍ជូនយ៉ាងណាក្តីអធិការនគរបាលស្រុកទ្រាំង និងលោកនាយប៉ុស្តិ៍ហាក់បីដូចជា មិនខ្វល់ រីឯល្បែងស៊ីសងនៅតែបន្តបើកឲ្យលេងយ៉ាងគក្លើន ដោយមិនខ្វល់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំ សំខាន់ធ្វើយ៉ាណាឲ្យតែលុយចូលហោប៉ៅរបស់ខ្លួន មិនខុសអ្វីដែលពាក្យចាស់លោកពោលថា « កោកៗសឹកមាត់កណ្តោក ឆ្អែតពោះក្របី មានន័យថា ក្នុងកិច្ចប្រជុំម្តងៗថ្នាក់ដឹកនាំខំណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ើងម៉ាត់ តែមន្ត្រីថ្នាក់ក្រោមបែជាមិនអនុវត្ត ថែមទាំងឃុបឃិតគ្នាជាមួយបទល្មើសទៅវិញ និងមួយវិញទៀត បើខ្មោចស្រុកមិនឲ្យដៃ ម្តេចខ្មោចព្រៃវាហាន នេះមានន័យថា បើមន្ត្រីទាំងនេះមិនមានការឃុបឃិតគ្នាជាមួយបទល្មើសទេ ក៏អ្នកទាំងនោះមិនហានដែរ»។
ដូច្នេះស្នើឲ្យ ស្នងការនគរបាលខេត្តតាកែវ មានវិធានការផងទាន!! ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត គ្មានការភ័យខ្លាច ព្រោះថា មានល្បែងស៊ីសងតែងតែកើតមាននូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាដើម និងពិសេសឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យអនុវត្ត បើសង្ឃឹមលើអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបនោះមិនអាចទៅរួចនោះទេ ដោយសារការលេងល្បែងនេះមិនមែនទើបតែលេងនោះទេ ៕

មានវគ្គបន្ត ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button