ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ ណែនាំឱ្យមន្ត្រីដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញការងារឱ្យបានល្អ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ណែនាំដល់លោក ជុំ វីរៈ ដែលទើបផ្ទេរមុខតំណែងថ្មីពីអភិបាលរងស្រុកសណ្តាន់ មកជាអភិបាលរងស្រុកសន្ទុក សូមខិតខំបំពេញនូវតួនាទី ភារកិច្ចខ្លួនឲ្យបានល្អ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការណែនាំនេះ ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្កំពង់ធំ លើកឡើងនៅក្នុងពិធីអភិបាលរងស្រុកសន្ទុក និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅស្រុកសន្ទុក នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា ការផ្លាស់ប្ដូរតួនាទីផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ គឺជារឿងធម្មតា ដោយយោងទៅតាមការចាំបាច់ ក៏ដូចជាការចូលនិវន្តន៍ជាដើម។ លើសពីនេះទៀត សូមលោក ជុំ វីរៈ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវ៉ាត មន្ទីរអង្គភាពជុំវិញស្រុក ក៏ដូចជា ជាមួយលោកមេឃុំ មេភូមិ ដើម្បីចូលរួមដឹកនាំកិច្ចការនៅក្នុងរដ្ឋបាលស្រុកឲ្យទទួលបានការរីកចម្រើនបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងពង្រឹងពង្រីកសកម្មភាពគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់៕





