ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ

រសៀលថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ ការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចំនួន ១៤៥,៨៥៦នាក់ ក្នុងនោះ៖
-ក្រុងព្រះសីហនុ បានចំនួន ៧២,៧៥៨នាក់
-ក្រុងកោះរ៉ុង ២,០២៩នាក់
-ស្រុកព្រៃនប់ ៥៨,៩៥៥នាក់
-ស្រុកស្ទឹងហាវ ៦,៤៤៦នាក់
-ស្រុកកំពង់សីលា ៥,៦៦៨នាក់ និងការចាក់វ៉ាក់សាំងដូសទី៤ ដោយមន្ទីរសុខាភិបាលបានចំនួន២៦៥នាក់ (ក្រុងព្រះសីហនុ)។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការជម្រុញឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះមកចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ពិសេសមន្ទីរអង្គភាពដែលចុះការងារនៅតាមឃុំសង្កាត់នីមួយៗជួយជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានរៀបចំនៅមណ្ឌលសុខភាពទាំង១៤ ក្នុងក្រុងស្រុករៀងៗខ្លួន។ ការទទួលបានវ៉ាក់សាំង វាជួយឱ្យខ្លួនយើងមានភាពស៊ាំ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដដល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវផ្សព្វផ្សាយដល់គណៈគ្រប់គ្រងសាលាទាំងរដ្ឋ និងឯកជនឱ្យមានការទទួលខុសត្រូវ ត្រួតពិនិត្យសិស្សណា ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីយើងមានមូលដ្ឋានបញ្ជូនក្រុមគ្រូពេទ្យទៅចាក់វ៉ាក់សាំងដូសជំរុញដល់សាលាតែម្តង។
ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថមថវិកាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង១៤ ដោយក្នុងមួយមណ្ឌលទទួលបានថវិកា១លានរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button