ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ប្រកា​ស នឹង​ដកខ្លួន​ចេញពី​អង្គការ WTO ​និង WHO

មូស្គូ ៖ សភា​ជាន់​ទាប​របស់​រុស្ស៊ី សភា​រដ្ឋ​ឌូ​ម៉ា គ្រោង​នឹង​ពិភាក្សា​អំពី​សក្តានុពល​នៃ​ការដក​ប្រទេស​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ នេះ​បើ​យោងតាម​លោក Pyotr Tolstoy អនុ​ប្រធានសភា​រុស្ស៊ី​ដែល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។​

លោក Tolstoy បាន​និយាយថា ក្រសួងការបរទេស​រុស្ស៊ី​បាន​បញ្ជូន​បញ្ជី​នៃ​កិច្ចព្រមព្រៀង​បែបនេះ​ទៅកាន់​រដ្ឋ​ឌូ​ម៉ា ហើយ​រួមគ្នា​ជាមួយ​ក្រុមប្រឹក្សា​សហព័ន្ធ (សភា​ជាន់​លើ​) យើង​គ្រោង​នឹង​វាយតម្លៃ​កិច្ចព្រមព្រៀង​ទាំងនោះ បន្ទាប់មក​នឹង​ស្នើឱ្យ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទាំងនោះ ។​

លោក​បាន​និយាយ​បញ្ជាក់ថា រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​អឺរ៉ុប​រួចហើយ ឥឡូវនេះ​ជា​ជំហាន​បន្ទាប់​គឺ​ការដកខ្លួន​ចេញពី WTO និង WHO ដែល​បាន​មិន​អើពើ​នឹង​កាតព្វកិច្ច​ទាំងអស់​ទាក់ទង​នឹង​ប្រទេស​របស់​យើង​។​

លោក Tolstoy ថា រដ្ឋាភិបាល​ត្រូវបាន​គេ​រំពឹងថា​នឹង​ពិនិត្យឡើងវិញ​នូវ​កាតព្វកិច្ច និង​សន្ធិសញ្ញា​អន្តរជាតិ​របស់​រុស្ស៊ី ដែល​បច្ចុប្បន្ន​មិន​នាំមក​នូវ​ផលប្រយោជន៍​ណាមួយ ប៉ុន្តែ​ធ្វើឱ្យ​ខូចខាត​ដោយផ្ទាល់​ដល់​ប្រទេស​ទៅវិញ​នោះ​។​

លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ខែមេសា​កន្លងទៅ​ថា ការ​រឹតបន្តឹង “​ខុសច្បាប់​” ដែល​ដាក់​លើ​ក្រុមហ៊ុន​រុស្ស៊ី​ដោយ​រដ្ឋការ​លោកខាងលិច គឺ​ដំណើរ​ការផ្ទុយ​នឹង​ច្បាប់​របស់ WTO ហើយ​បាន​ប្រាប់​រដ្ឋាភិបាល​ឱ្យធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅក្នុង​អង្គការ​ត្រឹម​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខ​។​

ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​ចំពេល​មានការ​ដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច​យ៉ាង​សន្ធឹកសន្ធាប់​មកលើ​ទីក្រុង​មូ​ស្គូ​ជុំវិញ​ប្រតិបត្តិការ​យោធា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បានចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ កន្លងទៅ ខណ​ចាប់តាំងពី​ពេល​នោះមក ប្រទេស​រុស្ស៊ី​ត្រូវ​ទទួលរង​នូវ​ការ​រឹតបន្តឹង​គោលដៅ​ប្រហែល ១០. ០០០ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ប្រទេស​ដែលមាន​ទណ្ឌកម្ម​ច្រើន​បំផុត​ក្នុង​ពិភពលោក​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button