ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានត្រូវតែយកបញ្ហាប្រជាពលរដ្ឋជាបញ្ហាអាទិភាព និងផ្តល់សេវាសាធារណៈឱ្យកាន់តែល្អថែមទៀត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានត្រូវតែយកបញ្ហារបស់ប្រជាពលរដ្ឋមកដោះស្រាយឱ្យបានឆាប់រហ័ស ហើយចាត់ទុកបញ្ហារបស់ពលរដ្ឋជាបញ្ហាអាទិភាពមួយ ជាពិសេសត្រូវផ្តល់សេវាសាធារណៈជូនពួកគាត់ឱ្យបានកាន់តែល្អថែមទៀតពោលគឺលឿន ឆាប់រហ័ស។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកទ្រាំង និងក្រុមប្រឹក្សាឃុំស្មោង ប្រជាការពារ នាព្រឹកថ្ងៃអាទិត្យ ទី ២៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ វាក៏ជាបញ្ហារបស់មន្រ្តីរាជការ និងមន្រ្តីមូលដ្ឋានផងដែរ ដូច្នោះត្រូវចាត់ទុកជាបញ្ហាអាទិភាពនៅពេលដែលមានពលរដ្ឋណាម្នាក់ បានមកផ្តល់ឬស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយដល់ពួកគាត់ ហើយបញ្ហាដែលពួកគាត់បានមកប្តឹងដល់សាលាឃុំ សាលាស្រុក ត្រូវប្រញ៉ាប់ដោះស្រាយឱ្យបានចប់ទាន់ពេលវេលា កុំទុកបញ្ហារបស់គាត់ចោល ហើយក្នុងករណីដែលបញ្ហាពលរដ្ឋមិនអាចដោះស្រាយបាន ត្រូវបញ្ជូនមកថ្នាក់លើ ដើម្បីបន្តនីតិវិធីដោះស្រាយបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ក៏ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវចាត់ទុកជាការផ្តល់សេវាអាទិភាពផងដែរ ព្រោះការផ្តល់សេវានេះឱ្យបានឆាប់រហ័ស វាពិតជាបានបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ពិសេសនៅពេលដែលពួកគាត់ប្រញ៉ាប់ត្រូវការឯកសារបញ្ជាក់ឬក៏ធ្វើអត្តសញ្ញាណបត្រ សំបុត្រកំណើត សៀវភៅគ្រួសារជាដើម ដើម្បីរត់ការលើឯកសារអ្វីមួយ ត្រូវធ្វើជូនប្រជាពលរដ្ឋឲ្យបានលឿននិងត្រូវយកជូនពួកគាត់ឲ្យដល់លំនៅដ្ឋានតែម្ដង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button