ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»

តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីប្រជុំផ្សព្វផ្សាយសារាចរ លេខ ០១សរ របស់រាជរដ្ឋាភិបាល និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» និងបន្តជម្រុញការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី២ និងដូសទី៣ ដល់ពលរដ្ឋ នៅទូទាំងខេត្តតាកែវ​ តាមប្រព័ន្ធ Video Zoom Meeting។
កិច្ចតាមប្រព័ន្ធអនឡាញនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងលោក អភិបាលក្រុង ស្រុក ប្រធានស្រុកប្រតិបត្តិ OD ទាំង៦ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើន រូបផងដែរ។ ថ្លែងនៅកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការផ្សព្វផ្សាយ សារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល និងដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនរួមមាន៖
១, ផ្សព្វផ្សាយសារាចរ លេខ ០១សរ របស់ រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការជម្រុញការចាក់វ៉ាក់សាំងជំងឺ កូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង»។
២, ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ក្រុង ស្រុក ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី១ ទី២ និងលើកទី៣ (ដូសជម្រុញ) ព្រមទាំងបន្តជម្រុញដល់ បងប្អូនប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
៣, ណែនាំដល់ លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត សហការជាមួយ លោកប្រធានមន្ទីរ ឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត ចុះស្រង់ទិន្នន័យ បងប្អូនកម្មករ កម្មការនី តាមបណ្ដារោងចក្រ សហគ្រាស សិប្បកម្ម ធនតូច មធ្យម និងធំគ្រប់នៅទូទាំងខេត្ត ដែលបាន មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវដី១៩ ដូសមូលដ្ឋាន លើកទី២ និងដូសជម្រុញ លើកទី៣ ព្រមទាំងជម្រុញដល់ពួកគាត់ឱ្យមកទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។
៤, ណែនាំ ដល់ អាជ្ញាធរពាក់ព័ន្ធ និងអភិបាល ក្រុង ស្រុក ត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការ សុខាភិបាល សេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល និងវិធានការ ៣កុំ និង ៣ការពារ ដល់ពលរដ្ឋ នៅមូលដ្ឋាន ដោយធ្វើការផ្សព្វផ្សាយតាមឃោស័ព្ទ (ចាក់មេក្រូ) ឬតាមរយៈបណ្ដាញទំនាក់ទំនង សង្គមនានា ឱ្យបានយល់ដឹងបន្ថែម ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង»។
៥, ណែនាំដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ដល់ពលរដ្ឋនៅទូទាំងខេត្ត ឱ្យបានលឿនបំផុត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង»។
បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ធ្វើ​ការ​ណែ​នាំ​ដល់​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត ៣ ការពារ ៣កុំ និង​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​មន្ទីរ​អប់រំ យុវជន និង​កីឡាខេត្ត ត្រូ​ចេញ​លិខិត​ជូន​ដល់​មាតាបិតា​អាណាព្យាបាល​សិស្សទាំងអស់​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​គ្រប់ៗគ្នា ទាំង​ដូស​មូលដ្ឋាន ទាំង​ដូស​ជំរុញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​តែ​ចូល​មកដល់​សហគមន៍​ហើយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button