ព័ត៌មានជាតិ

ឃាត់ខ្លួនពលរដ្ឋខ្មែរ២២នាក់ ខណ:បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ:កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រីចំនួន២២នាក់ ក្នុងនោះមាន ស្រី១០នាក់ កុមារ៤នាក់ កាលពីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចស្តង់ដំឡូងមី ស្ថិតនៅក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណ:បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។

លោកវរសេនីយ៍ឯក សួង សៅ បានឲ្យដឹងថា ការឃាត់ពលករខ្មែរបានជាបន្តបន្ទាប់នេះដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗលោកក៏បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ កម្លាំងយោធាចុះត្បាតជាប្រចាំ លុះដល់វេលាយប់ខាងលើកម្លាំងក៏បានប្រទះឃើញពលរដ្ឋចំណាក់ស្រុក កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2S-2635 ក៏បានធ្វើការឃាត់ខ្លួន រួមជាមួយម្ចាស់រថយន្ដចំនួន១នាក់ ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ សរុប២៣នាក់ ដែលពួកគាត់មានទីលំនៅក្នុងខេត្តសៀមរាបទាំងអស់។

លោកវរសេនីយ៍ឯក សួង សៅ បញ្ជាក់ទៀតថា ពលករឆ្លងដែនខុសច្បាប់ទាំង ២២នាក់នេះ ចាញ់បោកតាមការលួងលោមរបស់មេខ្យល់។បន្ទាប់ពីឃាត់ខ្លួនលោកក៏បានធ្វើការណែនាំដល់ពលករទាំង២២នាក់ និងម្ចាស់រថយន្តផង ស្ដីពីការឆ្លងរាលដាល Covid-១៩ ពិសេសជម្ងឺថ្មីគឺ អូមេក្រុងតែម្តង។

ក្រោយពីធ្វើកិច្ចសន្យារួច ក៏បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button