ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃទីព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
បន្ទាប់ពីបានធ្វើគារវ:កិច្ចគ្នារួចមក ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា គ្នាជាជំហានបឋមក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ដែលក្នុងនោះមានជាអាទិ៍ ៖
១- ការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយ:ពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្រ្តីជំនាញឲ្យទៅធ្វើទស្សន:កិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធន៍លើការងារអនុវត្តបច្ចេកទេសផ្ទាល់ ។
២- ការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ។
៣- ការធ្វើទំនើបកម្មកសិកម្ម និង
៤- ការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល ។
បន្ទាប់ពីបានពិភាក្សាគ្នាស៊ីជម្រៅរួចមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរ បន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីកិច្ចសហប្រតិបត្តិការនេះនឹងលេចចេញជារូបរាង្គ និងទទួលបានជោគជ័យ ជាពិសេសគឺភាគីកម្ពុជាផ្ទាល់ដែលកំពុងត្រូវការកសាងធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតមតាមតម្រូវការទីផ្សារនាំចេញ និងជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលឆេក ដែលបានទិញអង្ករពីកម្ពុជា ចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថាបរិមាណនេះនឹងកើនឡើងនាពេលអនាគត។
ជំនួបបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងឆន្ទ:រួមគ្នាថានឹងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរលើវិស័យកសិកម្មនាពេលអនាគត។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button