ព័ត៌មានជាតិ

ប្រជាពលរដ្ឋសង្កាត់ក្តុល ក្រុងតាខ្មៅ ទទួលបាននូវសមិទ្ធផលថ្មី ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវង ៣៧០ម៉ត លូប្រវែង៣៦២ម៉ត និងទរបង្ហូរទឹក ១កន្លែង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើងថា ពិធីសម្ពោធផ្លូវបេតុង លូ និងទរបង្ហូរទឹកនាពេលនេះ គឺមានសារៈសំខាន់ណាស់ គឺជាឆ្លើយតបទៅនឹងតំរូវការចាំបាច់នៅមូលដ្ឋាន បំរើដល់ផលប្រយោជន៍សាធារណៈ ហើយចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋនឹងលែងជួបការលំបាកក្នុងការធ្វើដំណើរទៀតហើយ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ៣ខ្សែ ប្រវង ៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និង៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដាក់លូមុខកាត់ ០.៦ម៉ែត្រ ប្រវែង៣៦២ម៉ែត្រ និងទរបង្ហូរទឹក ១កន្លែង នៅភូមិតាក្តុល សង្កាត់ក្តុល ក្រុងតាខ្មៅ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាង ៣០០នាក់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុកជាក់ស្តែងការបើការរដ្ឋានសាងសង់ផ្លូវនេះជាសក្ខីភាពស្រាប់ ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាពមានការអភិវឌ្ឍ មានភាពរីកចម្រើនគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ មានកំរិតជីវភាពធូរធារ ដូច្នេះយើងត្រូវទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្សជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា ផ្លូវបេតុងអាមេ លូ និងទរបង្ហូរទឹក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺទទួលបានឥណទានថវិការបស់ រដ្ឋបាលខេត្តកណ្ដាល ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹង សមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់តាក្តុល ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសនាបតីតជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តី សង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ អជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៏បានទាន់ពេលវេលា។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button