គ្រួសារអតីតយុទ្ធជន ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានព័ត៌មាន ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដែលជាគ្រួសារអតីតយុទ្ធជន រស់នៅភូមិតេជោសន្តិភាព តំបន់ការេ ២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន ១០៧គ្រួសារ ជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យខាតផ្ទះសំបែង ក្នុងនោះមាន៣៩គ្រួសារធ្ងន់ធ្ងរ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០៧ គ្រួសារធ្ងន់ ៣៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ៣ដប មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត ២ ជែលលាងសំអាតដៃ២ដប និងតង់ប្លាស្ទិកមួយផ្ទាំង សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ចូលរួមសោកស្ដាយ ទ្រព្យសម្បត្តិ ផ្ទះសំបែងរបស់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមក។
ទន្ទឹមនោះដែរឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួយដល់បងប្អូនដែលទទួលរងគ្រោះគ្រប់ទីកន្លែងដូចជា ធ្វើការរុះរើ ជួសជុលផ្ទះសំបែងឡើងវិញបានទាន់ពេលវេលា ក្នុងនោះផងដែរឯកឧត្តម ក៏បានជំរុញដល់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យជាក់ស្ដែងដល់គេហដ្ឋានពួកគាត់ផ្ទាល់ ស្ដីពីសុខទុក្ខ ខូចខាតនិងចូលរួមជួយឧបត្ថម្ភដល់គ្រួសារពួកគាត់ ទៅតាមលទ្ធភាពអាចជួយបាន ដែរទង្វើនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។
ជាចុងក្រោយឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់បំផុតពេលមានភ្លៀងឬខ្យល់ ត្រូវរកកន្លែងទីសុវត្ថិភាព ពិសេសផ្គររន្ទះ ត្រូវបិទទូរសព្ទជាដាច់ខាត។ បញ្ចប់នៃការផ្ដល់អំណោយរបស់កាកបាទក្រហម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក៏បានអញ្ជើញចុះពិនិត្យខ្នងផ្ទះ សាកសួរសុខទុក្ខនិងបានផ្ដល់នូវថវិកា សម្ភារៈមួយចំនួនបន្ថែមទៀត ក្នុងនោះសង្កេតឃើញកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ឯក ថូ សេង តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតកងរាជអាវុធហត្ថខេត្ត ព្រមទាំងបានផ្ដល់ជូននូវអំណោយ ត្រីខ មី មួយគ្រួសារៗ ទទួលបានត្រីខ ៤យួរ មីមួយកេសផងដែរ ៕