ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងវ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធីបតីក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធានមន្ទីរសុខាភិបាលចំនួន០២រូប ដោយលោក ងី ប៊ុនឡែន អត្ថលេខ ១៧៤១០០០០៣៦ ឋានន្តរស័ក្កិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ជំនួសលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលចាស់ចូលនិវត្តន៍ និងលោក លាង ឌីណា អត្ថលេខ ១៦៩១០០០០២៩ ឋានន្តរស័ក្កិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បន្តពីលោក ងី ប៊ុនឡែន។
ក្នុងពីធីលោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលដែលបានឡើងតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្តថា ៖ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល-ប្តេជ្ញាគោរពអនុវត្តតាមការណែនាំចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ពីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព-ប្តេជ្ញាប្រកាន់ខ្ជាប់នូវគុណសម្បត្តិ០៤យ៉ាងគឺឆន្ទៈ ម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ-ប្ដេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពង្រឹងរបៀបរបបការងារឈរលើ ទស្សនៈសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ក្នុងការគោរពវិន័យបទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឲ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់-ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ-សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព និងអង្គការដៃគូគួរឲ្យបានល្អប្រសើរ និងជំរុញការងារបណ្ដុះបណ្ដាលបន្តដល់មន្ត្រីជំនាញ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្តក្រចេះបានខិតខំយកចិត្តទុកដាក់ ធ្វើការងារបម្រើជាពលរដ្ឋនៅពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេស ត្រូវបានពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនខ្លាចនឿយហត់ឡើយ។ ម្យ៉ាងវិញទៀត ក្រុមការងាររបស់បុគ្គលិកសុខាភិបាលជួរមុខ បានខិតខំយ៉ាងយកចិត្តទុកដាក់ ក្នុងការចាំទទួលពិនិត្យសុខភាព ជូនបងប្អូនពលករដែលត្រលប់ចូលប្រទេស ពីពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ ដោយបានដាក់វិធានការបង្ការ និងទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានត្រើនរំលឹកដោយសង្កត់ធ្ងន់ដល់មន្ត្រីសុខាភិបាល លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដោយត្រូវបន្តខិតខំផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យមាន ការយល់ដឹង និងត្រូវចូលរួមអនុវត្តន៍វិធានការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដោយត្រូវអនាម័យខ្លួនប្រាណ និងលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាកុល ពាក់ម៉ាស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button