ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងសហការី បាននាំយកកញ្ចប់អាហារស្រាយបូសខែរ៉ម៉ាឌន ឆ្នាំ២០២២ មកចែកជូនបងប្អូនខ្មែរឥស្លាមចំនួន ៣០០គ្រួសារ

នៅវេលាម៉ោង ១៤:៣០ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងសហការី បាននាំយកកញ្ចប់អាហារស្រាយបូសខែរ៉ម៉ាឌន ឆ្នាំ២០២២ មកចែកជូនបងប្អូនខ្មែរឥស្លាមចំនួន ៣០០គ្រួសារ ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវិហារឥស្លាម ក្នុងឃុំសេដា ស្រុកតំបែរ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវដែលជាអនុប្រធានក្រុមការងារ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំសេដា អាជ្ញាធរមូលដ្ឋាន និងបងប្អូនខ្មែរឥស្លាមយ៉ាងច្រើនកុះករ។
មានមតិសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនខ្មែរឥស្លាមជួបតែស្លាម៉ាត់ ពីរ៉ាកាត់ អាហ្វីយ៉ាត់ និងរ៉ស់មាត់ កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ និងកោតសរសើរចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាល ស្រុក ឃុំ និងសប្បុរសជនដែលបានរួមចិត្ត គំនិត សហការគ្នារៀបចំពិធីនេះឡើងក្នុងន័យចូលរួមគោរពប្រណិបត្តិតាមប្រពៃណី និងទំនៀមទំលាប់របស់បងប្អូនខ្មែរឥស្លាម។ ក្រៅពីអំណោយជាកញ្ចប់អាហារ ឯកឧត្តមប្រធានក្រុមការងារក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបានក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋាន ជាពិសេសឃុំសេដា តាមរយ:ការគិតគូ យកចិត្តទុកដាក់ចុះដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ចាស់ជរាគ្មានទីពឹង ការអនុវត្តគោលនយោបាយ ក៣ និងគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ ការពារ ការរៀបចំមណ្ឌលចត្តាឡីស័ក និងការយកចិត្តទុកដាក់មើលថែទាំសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យបងប្អូនទៅចាក់វ៉ាក់សាំងការពារ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនខ្មែរឥស្លាម យកអស់ស្មារតីអនុវត្តគោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ឆន្ទ:រួមសាមគ្គីគ្នាក្នុងនាមជា មហាគ្រួសារខ្មែរឥស្លាមរស់ក្រោមដំបូលសុខសន្តិភាព។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានសំណូមពរឲ្យបងប្អូនខ្មែរឥស្លាមរួមសាមគ្គីគ្នាថែរក្សា ការពារសន្តិភាព ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួន និងជាពិសេសមិនត្រូវចូលរួម ជាដាច់ខាតនូវរាល់សកម្មភាពផលិត ចរាចរ ចែក ចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព។ ខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តកូន ចៅឲ្យទៅសាលា សិក្សារៀនសូត្រ ដើម្បីអនគតរបស់ពួកគេ។ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ដែលនឹងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button