ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូបង្រៀននៅទូទាំងខេត្តព្រះសីហនុ ចំនួន ៩៨០នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា

រសៀលថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូបង្រៀននៅទូទាំងខេត្តព្រះសីហនុ ចំនួន ៩៨០នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដោយមានការចូលរួមពីអ្នកគ្រូមកពីក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុដាក់ក្នុងការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយបញ្ជ្រាបយេនឌ័រនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់លោកគ្រូអ្នកគ្រូ បានខិតខំរួមគ្នាជាមួយមន្ទីរអង្គភាព អាជ្ញាធរដែនដី ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានវាយប្រហារធ្ងន់ធ្ងរ កាលពីឆ្នាំកន្លងមក ក្នុងការបិទខ្ទប់ ការចែកចាយស្បៀងសម្តេចតេជោជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ទទួលបានជោគជ័យ។ ទន្ទឹមនោះលោកគ្រូអ្នកគ្រូបានបំពេញការងារស្នូល ក្នុងការខិតខំបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ រៀនតាមបែបប្រពៃណី ការចុះចែកសន្លឹកកិច្ចការសិស្សដល់សហគមន៍មូលដ្ឋាន និងការរៀនតាមបណ្តុំជាដើម ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមប្រែក្លាយជាកាលានុវឌ្ឍភាព។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំលោកគ្រូអ្នកគ្រូជួយស្រង់ឈ្មោះសិស្ស ដែលបានចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញ ផ្តល់ជូនមកក្រុមគ្រូពេទ្យរបស់យើងចុះចាក់វ៉ាក់សាំងដូសជំរុញតាមសាលាគោលដៅ ដើម្បីបង្កើតភាពស៊ាំបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ប្រសិនបើមានការឆ្លង វាក៏មិនមានហានិភ័យដល់អាយុជីវិតឡើយ។ ឯកឧត្តម ក៏បានណែនាំលោកគ្រូអ្នក គ្រូត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍របស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស រក្សាគម្លាត និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ជូនអ្នកគ្រូចំនួន ៩៨០នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹង០១ និងថវិកាចំនួន ៥០០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button