ព័ត៌មានជាតិ

អាវុធហត្ថចាប់ឃាត់ខ្លួនជ​នសង្ស័យម្នាក់ ​បញ្ជូនទៅសាលាដំ​បូង​ខេត្តបន្ទា​យ​មានជ័យ ពាក់ព័ន្ធ​ករ​ណីរំ​លោ​ភកូ​ន​ស្រីប​ង្កើ​តរ​បស់ខ្លួនឯង

(បន្ទាយមានជ័យ)៖ កម្លាំងមូល​ដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួនជន​សង្ស័យម្នាក់​ពាក់​ព័ន្ធករណី​​រំលោភសេពសន្ថវៈ​(ស្ថានទ​ម្ងន់ទោស) ដែល​ប្រ​ព្រឹត្តកា​លពីថ្ងៃទី០៥០៦ ខែមេ​សា ឆ្នាំ២​០២៣ ​នៅចំណុចបន្ទប់​ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹ​ងថា ជនសង្ស័យមានឈ្មោះ ទឹម សាមឌី ​ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរ​ស់នៅភូមិ​ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

មេបញ្ជា​ការមូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បន្តថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​ មូ​លដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែ​តបានទ​ទួល​ពាក្យបណ្ដឹង​ពីឈ្មោះ ទឹម តុលា ភេទប្រុស អាយុ​៣៤ឆ្នាំ រស់​នៅភូមិ​ប្រជា​ធម្មលិច​ សង្កាត់​ផ្សារកណ្ដាល ​ក្រុងប៉ោយប៉ែ​ត ត្រូវ​ជាអ៊ុំ​បង្កើត​ជនរង​គ្រោះ​ឈ្មោះ ឌ..ល ភេទស្រី ​អាយុ១១ឆ្នាំ ត្រូវ​ឪពុកប​ង្កើត​ចាប់​រំលោភ​តាំង​ពីកូនអា​យុ០៩ឆ្នាំ រហូតដ​ល់លើ​កចុង​ក្រោយរំ​លោភនៅ​ថ្ងៃទី០​៥-​០៦ ខែ​មេសា ។បើតា​មសំដីជនរងគ្រោះ បាន​បង្ហើប​ប្រាប់យា​យនិង​អ៊ុំ កាល​ពីថ្ងៃទី១០​ ខែមេសា ថា កា​លដែល​ទៅលេ​ងផ្ទះ​យាយ​នៅខេត្តពោធិ៍សាត់ ហើយខ្លួន​យំ​ស្រែក​មិនព្រមត្រឡប់​មកផ្ទះវិញ ព្រោះខ្លាច​ឪពុក​បង្កើត​ធ្វើបា​បទៀត​(រំលោភ) ។ ក្រោយ​ពីទទួល​បានពាក្យបណ្ដឹង​កម្លាំងមូលដ្ឋា​នក្រុងប៉ោយ​ប៉ែត បានធ្វើ​ការឃា​ត់ខ្លួនជ​ងសង្ស័យជាឪពុក មកកា​ន់មូលដ្ឋា​នកងរា​ជអាវុធក្រុង ដើម្បីកសា​ងសំណុំ​រឿងតាមនីតិវិធី។

ក្រោយ​ឃាត់ខ្លួន ​និងសួរចម្លើ​យ ជនសង្ស័យ ​បានបដិ​សេធ​ពុំព្រម​ទទួល​ស្គាល់កំហុស ដែលកូន​ស្រីចោទ​ថា នាំ​នាង​ទៅ​មុជ​ទឹក រួច​ធ្វើ​សកម្មភា​ពចាប់រំលោ​ភរូប​នាង​នៅបន្ទប់ទឹក។ បន្ទាប់ពី​សួច​ម្លើយ​រួច ជន​សង្ស័យ ត្រូវ​បានបញ្ជូន​បន្តម​កកាន់​កងរាជ​អាវុធហត្ថ​ខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្រ្កាបបទល្មើស​បានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ត្រូវបានកម្លាំ​ងការិយា​ល័យប្រឆាំងកា​រជួញ​ដូរម​នុស្ស បញ្ជា​ការដ្ឋាន​កងរាជអាវុធ​ហត្ថខេ​ត្ត បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​ ​នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button