ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ថា នៅចំណុចខ្ទមមាត់អូរព្រំដែន ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ភ្លាមនោះលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សុង ភារុន ហៅ កេះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

២-ឈ្មោះ ឈឹម សាវឿន ហៅប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់១៧,៣២ក្រាម, ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿងចំនួន០១កូនថង់កិប និង០១បំពង់ទុយោ ស្មើនឹង៣៦គ្រាប់ ទម្ងន់៤,៥៣ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, កូនកាបូបពណ៌ខ្មៅចំនួន០១, កូនថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុង ភារុន ភេទប្រុស អាយុ២៧ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំ បានបដិសេធថាគ្រឿងញៀនគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន ២៦គ្រាប់ នៅក្នុងកូនកាបូបពណ៌ខ្មៅនោះមិនមែនជារបស់ខ្លួនទេ គឺជារបស់ជនសង្ស័យម្នាក់ទៀត ឈ្មោះ រ៉ា ភេទប្រុស ដែលរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សុង ភារុន បានឆ្លើយថា រូបគេបានទិញគ្រឿងញៀនពីឈ្មោះ ស្រឹម ធី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងបានបន្តចុះប្រតិបត្តិការស្រាវជ្រាវ និងឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ស្រឹម ធី (រត់គេចខ្លួន) ជាលទ្ធផលឆែករកឃើញគ្រឿងញៀនម្ស៉ៅក្រាមចំនួន០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, និងកូនថង់សម្រាប់ច្រកគ្រឿងញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយពីការឃាត់ខ្លួន និងសួរចម្លើយរួចមក ជនសង្ស័យឈ្មោះ សុង ភារុន ហៅ កេះ បានសារភាពថា ខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ចំណែកឈ្មោះ ឈឹម សាវឿន ហៅប៊ី គ្រាន់តែប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ មកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យឈ្មោះ រ៉ា និងឈ្មោះ ស្រឹម ធី ភេទស្រី ដែលជាម្ចាស់ផ្ទះ ត្រូវបានកម្លាំងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បច្ចុប្បន្នជន សង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button