ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសំណេះសំណាលមាតាបិតាអាណាព្យាបាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A និងB ទូទាំងខេត្តក្រចេះ

នាថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលមាតាបិតាអាណាព្យាបាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA និងB ទូទាំងខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
ក្នុងពិធីលោក ឡាយ ប៉ូរា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន០៤ បន្ទប់ប្រឡងចំនួន៨០ បេក្ខជនក្នុងបញ្ជីសរុបមាន១.៩៧៩នាក់ ស្រី ១.១០៣នាក់។ បេក្ខជនមកប្រឡងចំនួន ១.៩០៥នាក់ ស្រី១.០៦៥នាក់ បេក្ខជនប្រឡងជាប់ចំនួន១.២៨៥នាក់ ស្រី៧៧១នាក់ ស្មើនឹង៦៧.៦៦% ស្រី៧២.៣៩%។ ក្នុងនោះ និទ្ទេស A ចំនួន៤៥នាក់ ស្រី២៩នាក់, B ចំនួន១៣០នាក់ ស្រី៩០នាក់, C ចំនួន២៣៣នាក់ ស្រី១៣៦នាក់, D ចំនួន៤០៧នាក់ ស្រី២៥៤នាក់ និង E ចំនួន៤៧៥នាក់ ស្រី២៦២នាក់។
នាឳកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ៖ រាជរដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ៤ ដោយតម្កល់មនុស្សជាអទិភាពទី១ វិញ ហើយ ទឹក ផ្លូវ និងភ្លើង ជាអតិភាពបន្តបន្ទាប់ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះការអភិវឌ្ឍធនធានមនុស្សសំដៅលើកកម្ពស់ចំណេះដឹងជំនាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ មានស្មារតីទទួលខុសត្រូវខ្ពស់ មានសុខភាព និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ការអភិវឌ្ឍន៍ធនធានមនុស្ស។ ហើយគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍ “ ប្រព័ន្ធអប់រំប្រកបដោយគុណភាពសមធម៌ និងបរិយាបន្ន”ដោយផ្ដោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកទេសការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍សាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេស A និងB នាពេលនេះ។
ឯកឧត្តម វ៉ា ថន ក៏បានផ្តល់និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យមកទទួលពាក្យយកអាហារូបករណ៍របស់សម្តេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៃរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសដល់សិស្សនិសិ្សតក្រីក្រ និងសិស្សនិសិ្សតដែលមានបំណងចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា នៅទីតាំងរដ្ឋបាលខេត្ត។
គួរបញ្ជាក់ផងដែរ ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទទួលបានបណ្ណ័សរសើរ១ និងថវិកាចំនួន ៣០ ម៉ឺនរៀល និង B ទទួលបានប័ណ្ណសរសើរ១ និងថវិការចំនួន១៥ ម៉ឺនរៀលផងដែរ៕​​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button