ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ និងបានកោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាបន្តបន្ទាប់។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំឱ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម ហើយនេះមិនមែនជាកូតាទេ ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។ ដូច្នេះ ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើន ត្រូវលើកសំណើមកកាន់ក្រសួងមហាផ្ទៃ។ សម្តេចតេជោបានចាត់ទុកថា នេះជាការសម្រួលដើម្បីសុខដុមរមនា នៅក្នុងខេត្ត ហើយជាក្របខណ្ឌគោលនយោបាយ។
ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានផ្តល់នូវគោលការណ៍ណែនាំដូចខាងក្រោម៖
ទី១) បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋ-ធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី- ពហុបក្ស ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
ទី២ ) បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំង នគរបាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទស្របតាមមុខជំនាញ បទពិសោធន៍ និង ស្នាដៃបំពេញការងារ ។ ត្រូវទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ទី៣ ) ដើម្បីបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកបដោយតម្លាភាព សម្តេច សូមណែនាំដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ : ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ។ ត្រូវពិនិត្យ វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើងជាលំដាប់ ។
ទី៤ ) កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធា្នប់តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ ។
ទី៥) ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែល រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកប- ដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងផែនការសកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យ រួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។
ទី៦ ) ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញចូលប្រទេស ទប់ស្កាត់ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និង បន្តពង្រឹងយន្តការគ្រប់គ្រងវត្តមានជនបរទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើសនានា ដើម្បីចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ទី៧) ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និង ការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ​ ការលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩ ។ ដូច្នេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួសរាន់រៀបចំដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីអនុវត្ត រួមទាំងការដាក់ចេញនូវចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីភាពសុខុដុមរមនា និងគុណភាពជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ទី៨ ) ឆ្នាំ ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្ត ផែនការ ៥ ឆ្នាំ នៃកម្មវិធីជាតិកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណាក់កាលទី ២ ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោលដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ធ្វើការសិក្សាវាយតម្លៃឡើងវិញអំពីដំណើរការនៃការផ្ទេរមុខងារ និងធនធាន ដែលបានអនុវត្តកន្លងមក ហើយ ត្រូវបន្តវាយតម្លៃអំពីសមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារ និង ធនធានដែលបានផ្ទេរ សំដៅបន្តលើកកម្ពស់ភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព ។
ទី៩) ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវិធានការ គន្លឹះ ភ្ជាប់ជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។
ទី១០) សម្តេចតេជោបានស្នើឱ្យរួមគ្នាគាំទ្រដល់អ្នកប្រមូលចំណូលជូនរដ្ឋ ដូចជាអង្គភាពគយ និងពន្ធដារជាដើម។ សម្តេចតេជោ បានថ្លែងថា កន្លងទៅតាំងពីសម្តេចចេញបទបញ្ជាដាច់ខាត មិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបាន ជា៥១លានដុល្លារ ហើយនៅក្នុងនោះនៅប្រមាណពាក់កណ្តាលទៀតមិនទាន់ប្រមូលអស់។ ចំណូលជាង៥១លានដុល្លារ នេះគ្រាន់តែជាការប្រមូលពន្ធរថយន្តគេចពន្ធ ដែលមិនទាន់គិតដល់ អ្វីផ្សេងទៀត ដែលគេចពន្ធនោះឡើយ។ សម្តេចតេជោ ស្នើឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់សន្សំថវិកា កាត់បន្ថយការចំណាយ នៅក្នុងបរិបទកូវីដ-១៩នេះ។ សម្តេចតេជោក៏បានចេញបទបញ្ជាឱ្យពន្យារពេលគម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ-១៩សិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button