ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព

រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលជលផល និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា កិច្ចប្រជុំមានគោលបំណង ដើម្បីបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និងលទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឱ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ការស្នើសុំសាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះយើងក៏មានគម្រោង និងវិធានការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានជលផលសមុទ្រផងដែរ។
លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រក្នុងនោះមានដូចជា ១.ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ២.ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនា សម្ព័ន្ធតាមបណ្តោយឆ្នេរ ៣.ជួយដល់វិស័យឯកជនក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ៤.បង្កើតមធ្យោបាយប្រភពហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។ ធ្វើការទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង១ហិកតាអាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ ដូច្នេះយើងរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានផ្តល់ជម្រើសពីរដើម្បីធ្វើការសិក្សា ទី១.នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន។ ទី២.តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។ ចំពោះការការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ មានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ីជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button