ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង

មណ្ឌលគិរី៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិពូហ្សាម ឃសែនមនោរម្យ ស្រុកអូររាំង ក្រោមវត្តមានលោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ អភិបាលរងស្រុក មេឃុំ ដែលប្រព្រឹត្តទៅនៅសាលាឃុំសែនមនោរម្យ ស្រុកអូររាំង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី លោក លឹម ចាន់សូភី បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងភូមិពូហ្សាម ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបចំនួន ១៥៣១ក្បាលដី ដែលមានទំហំផ្ទៃដីសរុប ៧២៥៦,១៥៦ ហិកតា ស្មើនឹង៥៥០ គ្រួសារ។ លោក បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីឲ្យអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យដីក្បាលដីនេះ ពិតជាត្រឹមត្រូវ ឬអត់ ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយ ម្ចាស់ដី ត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងរយៈពេល១៥ថ្ងៃនេះ។ លោក បន្ថែមថា ក្រោយរយៈពេល១៥ថ្ងៃនេះ ក្រុមការងារ និងអាជ្ញាធរ នឹងធ្វើការបូកសរុបរបាយការណ៍ បញ្ចូនទៅប្រធានគណៈកម្មាធិការដ្ឋបាល ដើម្បីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់អចលនាវត្ថុ ជូនប្រជាពលរដ្ឋ អ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខ័ណ្ឌច្បាប់។
លោក ឈឹម កាន អភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ លោក អភិបាលរងខេត្ត បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ដែលមានដីនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យនេះ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវឡើងវិញ។
លោកអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ពិសេសត្រូវអនុវត្តតាមវិធានការសុខាភិបាល អនុវត្ត ៣ការពារ ៣កុំ និង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់គ្នា។ សូមអោយប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ និង ចៀសឆ្ងាយពីគ្រឿងញៀន៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button