ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការសំណេះសំណាលនិងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ចាម

នាថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម។
ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាមមានដូចខាងក្រោម៖
១. យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។
២. ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។ បន្ទាប់មក ទើបត្រូវការអ្នកសាងសង់ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបានភាពនូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។ ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។
៣. សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជនគណបក្សខេត្ត និងអង្គការចាត់បក្សជារចនាសម្ព័ន្ធចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយសាមគ្គីភាពក្នុងនាមជាកម្លាំងសរុប ដើម្បីបម្រើការពារប្រជាប្រពលរដ្ឋក្នុងមូលដ្ឋានបានជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់នៃការប្រយុទ្ធជំងឺរាតត្បាតសកលកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងទៅនេះ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button