ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​៖ គណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀតឋ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព បណ្តាញកម្មករក្រៅប្រព័ន្ធ និងតំណាងពលករនៅក្រៅប្រទេសសរុបប្រមាណជា ៣០០០នាក់ ដើម្បីអបអរសាទរខួបទី១៣៦ ទិវាពលកម្មអន្តរជាតិ ០១ឧសភា នៅវិមាន៧មករា ស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែចាត់ទុកកម្មករនិយោជិតគឺជាកម្លាំងចលករដ៏ធំ និងសំខាន់សម្រាប់ប្រទេសជាតិ ហើយតែងតែដាក់ខ្លួនបម្រើបងប្អូនកម្មករនិយោជិត តាំងពីដើមរៀងមក គ្រប់កាលៈទេសៈ និងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា។ ជាក់ស្តែង មុនពេលមានករណីរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសបានចំនួន ៧៧លើក ស្មើនឹងកម្មករនិយោជិតប្រមាណជាង ១លាននាក់ ហើយសម្តេចតេជោ តែងតែណែនាំដល់គ្រប់មន្ត្រីគណបក្សឱ្យចុះជួប និងរៀបពិធីផ្សេងៗដើម្បីរំឮកខួប និងភ្ជាប់ទំនាក់ទំនងល្អជាមួយបងប្អូនកម្មករនិយោជិត។
គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត យកសមូហភាព និងសាមគ្គីភាពជាធំ គណបក្សបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ ជាហេតុធ្វើឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាព បង្កើតបាននូវបរិយាកាសវិនិយោគល្អ ធ្វើឱ្យមានការវិនិយោគពីបរទេសច្រើន បង្កើតរោងចក្រ បង្កើតក្រុមហ៊ុន និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ដែលពីដើមឡើយប្រទេសកម្ពុជាយើងគឺពឹងលើកសិករ កូនៗពឹងលើចំណូលពីឪពុកម្តាយ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសាររបត់សង្គម និងឱកាសការងារថ្មី ជាកត្តានាំឱ្យកូនៗមានប្រាក់ចំណូលច្រើនជាង ធ្វើឱ្យឪពុកម្តាយអាចពឹងអាស្រ័យលើចំណូលពីកូនចៅ ដែលជាកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាវិញម្តង។ ការរីកចម្រើននេះ ក៏បានជួយទៅដល់បងប្អូនដែលប្រកបការងារ ឬសកម្មភាពក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ក្រៅពីការងារក្នុងស្រុក យើងក៏មានលទ្ធភាពបង្កើតទីផ្សារការងារនៅក្រៅប្រទេស ដើម្បីជាជម្រើសបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ និងបានផ្តល់ជាបទពិសោធន៍ ចំណេះដឹង និងចំណូលជូនប្រជាពលរដ្ឋផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button