ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញទទួលជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) ពីកាកបាទក្រហមកម្ពុជា សម្រាប់ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង-ស្រុក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ប្រធាន ឬតំណាងអនុសាខាទាំង៧ក្រុង/ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូអ្នកគ្រូតំណាងសាលាគោលដៅ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមសរុបចំនួន ៧៨នាក់។
ក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ទន្ទឹមនឹងនេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។
បញ្ជាក់ ៖ ជែលលាងដៃ ដែលបានប្រគល់ជូនរួមមានៈ
១.អនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ក្រុងស្រុក ចំនួន ៥០កេស (ស្មើនឹង១០០០ដប)ដូចៗគ្នា
២.មន្ទីរពេទ្យខេត្តកោះកុង ចំនួន៣០កេស (ស្មើនឹង៦០០ដប)
៣.សាលាគោលដៅទាំង៥ក្នុងទីរួមខេត្តកោះកុង ចំនួន២៥កេស (ស្មើនឹង៥០០ដប) ជាមួយគ្នានោះមន្ទីរពេទ្យខេត្តកោះកុង ក៏បានទទួលថវិកាសមាជិកភាពចំនួន៣,៤២០,០០០ រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button