ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោ​គនៅក្នុង​ខេត្តព្រៃវែង

ជាដំណឹងប្រកប​ដោយអំណរសាទរសម្រាប់ប្រជា​ពលរដ្ឋក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោច​ណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុង​សិក្សាអំពីសក្ដានុពល​នៃការវិនិយោគប​ង្កើតរោងច​ក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗ​ខាងមុខ​នេះ​ហើយ

ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណ វិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការទា​ក់ទាញបានក្រុមហ៊ុន មកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយ​នៃការរួមចំណែក​កាត់បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និង​ពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស

ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីដែរថា រដ្ឋបាលខេត្ត ដោយមាន​ការ​គាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផ​លិតផលដែលមាន​សក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញកា​រនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ក្នុងនោះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំង​អង្គភា​ពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយ​កផលិតមួយចំនួន​រៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់វិស័យឯកជន រួមទាំង​ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមាន ឬមានទំនាក់ទំ​នងជាមួយ​បណ្ដាក្រុមហ៊ុននានា សូមត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំ​ណែក​ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីរួមចំណែក​លើកស្ទួយជីវភាព​ប្រជាព​លរដ្ឋ ស្របតាមទស្សនៈ “ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ”។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស សូមបន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់​ក្ដៅជូនអ្នកវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យខិតខំថែរក្សាសុខភាព ខិតខំអប់រំប​ណ្ដុះប​ណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button